Loading....  

Tatai River Electricity Power Source to Dam up the Flow of Water by August
17-Apr-2012 15:51:32
Extrated from Koh Santepheap:

Tatai River Electricity Power Source to Dam up the Flow of Water by August:

កាល​ពី​​ថ្ងៃ​​ទី១៩ ឧសភា​​ មាន​ការ​ប្រជុំ​ពិភាក្សា​​​ត្រួត​ពិនិត្យ​វាយ​តម្លៃ​​​បញ្ចប់​​​ការ​កាប់​ព្រៃ​ឈើ​​​សម្អាត​អាង​​​​ និង​ដំណោះ​ស្រាយ​​​ផល​ប៉ះ​ពាល់​​ប្រជា​ពល​រដ្ឋ​​​​​​​ ដោយ​មាន​​​ការ​ចូល​រួម​​​​​ពី​​​​មន្ទីរ​​​​ជំនាញ​​ដូចជា ​​​​មន្ទីរ​​ឧស្សា​ហ​កម្ម​រ៉ែ​ និង​ថាម​ពល,​​ មន្ទីរ​ធន​ធាន​ទឹក​​​ និង​ឧតុនិយម​​, មន្ទីរ​​​​បរិស្ថាន​, មន្ទីរ​​​​កសិកម្ម​​ រុក្ខា​ប្រមាញ់ និង​នេសាទ​,​​រដ្ឋ​បាល​ព្រៃ​ឈើ​, មន្ត្រី​សាលា​ខេត្ត, ​អភិបាល​​ស្រុក​, មេឃុំ​, ក្រុម​ហ៊ុន​ CHD និង​ក្រុម​ហ៊ុន​ MDS ។ ​កិច្ច​ប្រជុំ​នេះ​​ បាន​ប្រារព្ធ​​ធ្វើ​​​​នៅ​ឃុំ​អូរ​​សោម​​ ស្រុក​​វាល​​វែង​​ ក្រោម​អធិប​តីភាព​លោក​​អ៊ិត​ ប្រាំង ​រដ្ឋ​លេខា​ធិការ​​ក្រសួង​ឧស្សាហកម្ម​រ៉ែ​ និង​​ថាម​​ពល​ តំណាង​​​លោក​រដ្ឋ​មន្ត្រី​​ស៊ុយ សែម ។

​លោក​អ៊ុក គឹម​សាន​ ​តំណាង​​​ក្រុម​ហ៊ុ​​ន MDS បានឱ្យ​ដឹង​​​ថា ក្រុម​ហ៊ុន​​ MDS ជា​អ្នក​​​កាប់​​​ឈើ​សម្អាត​​​អាង​ ឯការ​​​សង់​ទំនប់​​វារី​អគ្គិស​នី​​​ គឺ​ក្រុម​ហ៊ុ​ន​ CHD ។ ​​ផ្ទៃ​អាង​ស្តុក​ទឹក​ទាំង​មូល​មាន​ទំហំ​ ៤.១៧៩​​ហិកតា ប៉ុន្តែ​ផ្ទៃ​​ដែល​ត្រូវ​សម្អាត​មាន​តែ ​៣.៥៧៣​ហិក​តា​​ទេ ។ ការ​​សម្អាត​​បាន​​ចាប់​​​​ដំណើរ​ការ​កាល​ពី​​​ចុង​ឆ្នាំ​​២០១០​​ មក​ដល់​ពេល​នេះ​មាន​រយៈ​​ពេល​​​ជាង​មួយ​ឆ្នាំ​​ហើយ​​ និង​សម្រេច​បាន​​​​៩៣%​​នៅ​សល់​​៧%​​ទៀត​ នឹង​ត្រូវ​​​បញ្ចប់​នៅ​ពាក់​កណ្តាល​​ខែ​មិថុនា​ ខាង​មុខ​នេះ ។ ​ពេល​សម្អាត​​​អាង​រួច​​​​​ ក្រុម​ហ៊ុន​មិន​ទាន់​ដក​ខ្លួន​ចេ​ញ​ភ្លាម​ទេ​​​ គឺ​រង់​ចាំ​ក្រុម​ហ៊ុន​ CHD បញ្ចូល​​ទឹក​ក្នុង​អាង​​​​ដើម្បី​ប្រមូល​​​​​គល់​ឈើ​​មែក​ឈើ​​ និង​កម្ទេច​​​​កម្ទី​​ដែល​អណ្តែត​​ចេញ​​ឱ្យ​អស់​​​​ ដែល​ក្រុម​​ហ៊ុន​របស់​លោក​​​បាន​ត្រៀម​ទូក​​ កាណូត​​ និង​អូរ​ប័រ​ រួច​ជា​ស្រេច​​ ។ ក្រុម​ហ៊ុន​​​ឈរ​​ជើង​សម្អា​ត​​អាង​រហូត​​ លុះ​​ត្រា​​​តែ​ខាង​ក្រុម​ហ៊ុន​ CHD ​ថា​អា​ច​ទទួល​យក​បាន​​​ហើយ​ ទើប​​​ដក​ខ្លួន​​ចេញ​​​​ ​ហើយ​រោង​​ផ្ទះដែល​កម្ម​ករ​​​ស្នាក់​នៅ​​ក្នុង​បរិ​វេណ​​​ផ្ទៃ​អាង​នោះ​​ក៏​ត្រូវ​​​រុះ​រើ​​អស់​ក្នុង​​​​រយៈ​ពេល​​១៥​ថ្ងៃ​​​​ទៀត​ ។

លោក​​ឆេ ឈីវ អភិបា​ល​ស្រុក​វាល​វែង​​មាន​ប្រសាសន៍​ថា ​ពេល​បិទ​ទំ​នប់​​​ទៅ​ ផ្ទះ​ប្រជា​ពល​រដ្ឋ​​​​ចំនួន​​៣៧​គ្រួសារ​​​ដែល​ត្រូវ​ប៉ះ​ពាល់​​​​លិច​​ភូមិ​ករ​​ ផល​ដំណាំ​ ក្នុង​នោះ​​៤​គ្រួសារ​​​ គឺ​ត្រូវ​​​​​​តែ​រុះ​រើ​ផ្លាស់​លំ​នៅ​​​ចេញ​តែ​ម្តង​ ។ ចំណែក​​​ផ្ទះ​​ប្រជា​ពល​រដ្ឋ​​​​ដែល​នៅ​ក្រោម​​​​​ខ្សែ​ភ្លើង​​​តាម​ដង​ផ្លូ​វ​ រហូត​ដល់​ទី​រួម​ខេត្ត​​​​នោះ​ ក៏​ត្រូវ​​​ប្រឈម​​នឹង​​​បញ្ហា​​​​គ្រោះ​ថ្នាក់​​​​ដែល​ត្រូវ​​​​រក​ដំណោះ​ស្រាយ​​​​ដែរ​ ។ កន្លង​មក​​​យើង​បាន​បង្កើត​​គណៈ​ក​ម្ម​ការ​​​​​ ប្រជុំ​ពិភាក្សា​​​ចំនួន​៣​លើ​​ក​ជា​មួយ​​​ក្រុម​​ហ៊ុន CHD​ និង​បាន​ដោះ​ស្រាយ​​គោល​នយោ​បាយ​​ជូន​ប្រជា​ពល​រដ្ឋ​​​​ដែល​រង​ផល​ប៉ះ​ពាល់​​​បាន​ប្រមាណ​​៨០%​ហើយ​ ​នៅ​សល់​​២០​​%​​​ទៀត​​ នឹ​ង​ដោះ​ស្រាយ​​​​​ឱ្យ​​បាន​ឆាប់​ក្នុង​រយៈ​ពេល​​​​កន្លះ​ខែ​ទៀត​នេះ​ ។

លោក​​​តំណាង​​​​ក្រុម​ហ៊ុន​ CHD ​​មាន​ប្រសាសន៍​ថា ​ការ​សម្អាត​​​អាង​គឺ​​បាន​កាប់​​ព្រៃ​​ដឹក​ជញ្ជូន​​​ឈើ និង​​​ប្រមូល​​​​​មែក​ឈើ​​ដុត​​​អស់​ក៏​ពិត​មែន​ ប៉ុន្តែ​​​​មិន​បាន​​​គាស់​គល់​​​ចេញ​អស់​​ទេ​​ ធ្វើ​ឱ្យ​​​ពេល​ត្រូវ​ភ្លៀង​​ដុះ​​​ឡើង​វិញ​ដដែល​ នាំ​ឱ្យ​​មាន​ការ​​​​បារម្ភ​​​ថា ពេល​ដែល​បញ្ចូល​ទឹក​វា​អាច​បង្ក​​ឱ្យ​​​​ទឹក​ក្នុង​អាង​​នោះ​ស្អុយ​​​ ប៉ះ​ពាល់ដល់​​​បរិស្ថាន​​​ ។ លោក​សំណូម​ពរ​​​ឱ្យ​ក្រុម​ហ៊ុន MDS ក៏​ដូច​ជា​អា​ជ្ញា​​ធរ​​​​ស្រុក​ មេត្តា​​ជួយ​ជំរុញ​​​លើក​ារ​ងារ​​​​បោស​សម្អាត​​​អាង​នេះ​​​ឱ្យ​បាន​ស្អាត​ យ៉ាង​​​យូរ​ពាក់​កណ្តាល​​​​ខែ​មិ​ថុនា ​ត្រូវ​រួច​ជា​​ស្ថា​ពរ​ ដើម្បី​ចាប់​ផ្តើម​​បិទ​ទំ​នប់​​​​​​​បញ្ចាល​់ទឹក​ក្នុង​ខែ​សី​ហា​នេះ​​ ព្រោះ​ខណៈ​​ពេ​​លនេះ​មាន​ភ្លៀង​​​ និង​ទឹក​​ជំនន់​​​​អាច​ហូរ​ចូ​ល​អាង​​បា​ន​ដែល​​​មាន​ជម្រៅ​​ពី​១៣​ទៅ​​១៥​ម៉ែត្រ​​ ។ ​ចំពោះ​​ផ្ទះ​​ប្រជា​ពល​រដ្ឋ​​​​ដែល​ប៉ះ​ពាល់​​​ទាំង​នៅ​ក្នុង​​​អាង​ក៏​ដូច​ជា​​​នៅ​ក្រោ​ម​ខ្សែ​ភ្លើង​​​តាម​ផ្លូវ​​ យើង​​​នឹង​​​ដោះ​ស្រាយ​ជូន​ទៅ​​តាម​​​ការ​ជាក់​ស្តែង​​​មិន​​ឱ្យ​​​លើស​ពី​​កន្លះ​​ខែ​នេះ​ទេ ។ ​ឯ​ទំនប់​​សំណង់​​វារី​អគ្គិសនី​​​ទី​១ ទី​២​ និង​ទី​៣​ គឺ​​​សម្រេច​បាន​​​ប្រមាណ​៩០%​​ហើយ​ដែរ។

​បន្ទាប់​ពី​​ប្រជុំ​​ពិភាក្សា​​ និង​​ពិនិត្យ​មើល​ការ​​បោស​សម្អាត​អាង​រួច​ លោក​អិុត​ ប្រាំង បាន​​​វាយ​តម្លៃ​ក្នុង​​​​ការ​ឯក​ភាព​​​គ្នា​ជា​គោល​​ការ​ណ៍​គឺ​ ផ្ទៃ​អាង​​​ទាំង​មូល​​​សរុប​ ៤.១៩៧​ហិក​តា​​ ផ្ទៃ​ដែល​ត្រូវ​សម្អាត​​​​​ ៣.៥៧៣​​ហិក​តា​​នោះ​សម្រេ​ច​បាន​​ ៩៣%​​​ហើយ ។ ​ការ​​កាប់​ព្រៃ​​ឈើ​សម្អាត​ក្នុង​អាង​ស្តុក​ទឹក​​​នេះ ជា​រួម​អាច​​​ទទួល​យក​បាន​​ ។ ក្រុម​ហ៊ុន​​​ MDS ត្រូវ​បន្ត​កា​រ​ប្រមូល​​​​​​ឈើ​ដែល​អណ្តែត​នៅ​ក្នុ​ង​អាង​​​​រហូត​ដល់​មាន​ការ​ឯក​ភាព​​​បញ្ចប់​​​ការ​ងារ​ពី​ក្រុម​​ហ៊ុន​ CHD និង​​ការ​ងារ​​សេសសល់​​​​៧%​​ក្រុម​ហ៊ុ​ន​​ MDS ធានា​សម្អាត​​​ឱ្យ​បាន​ស្អាត​មុន​ពេល​បិទ​​ទំ​នប់​ ។ ក្រុម​ហ៊ុន​​​ CHD ​អាច​​បិទ​ទំ​នប់​​​រក្សា​ទឹក​​​ទុក​ក្នុង​​អាង​បាន​តាម​តម្រូវ​ការ​​​ក្នុង​​ខែ​​សី​ហា ឆ្នាំ​​២០១២​នេះ​ ៕

ធនាគារ​ពិភព​លោក​ ៖ ​សេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ឡើង​ដល់​៦,៦​ភាគរយ​នៅ​ឆ្នាំ​២០១២​ (ដកស្រង់ពីកាសែតកម្ពុជាថ្មីចុះថ្ងៃពុធ ទី​២៣ ​ខែឧសភាឆ្នាំ ២០១២)

ភ្នំពេញ ​៖ ​កំណើន​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​នឹង​កើន​ដល់​៦,៦ ​ភាគរយ​ សំរាប់​ឆ្នាំ​២០១២​ នេះ​បើ​តាម​របាយការណ៍​រប​ស់​ធនាគារ​ពិភពលោក​ ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣​ខែ​ឧសភា​ ឆ្នាំ​២០១២ ​ហើយ​បើ​តាម​របាយការណ៍​នោះ​បញ្ជាក់​ថា​ កំណើន​នោះ​កើន​ឡើង​ដោយសារ​ផលិតផល​ក្នុងស្រុក​ ។​

​របាយការណ៍​បញ្ជាក់ថា កម្ពុជា​គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែល​កំពុង​រីកលូតលាស់​លឿន​បំផុត​ក្នុង​ពិភពលោក ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លងទៅ ដែល​សម្រេចបាន​កំណើន​ប្រចាំឆ្នាំ ជា​មធ្យម​ជាង​៨​ភាគរយ ចាប់ពី​ឆ្នាំ​២០០០​មក ។ ប្រតិបត្តិការ​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ​២០១១ មាន​សន្ទុះ​ខ្លាំង ទោះបី​ជាមាន​ទឹកជំនន់​ធ្វើ​ឲ្យ​ខូចខាត​ដល់​វិស័យ​កសិកម្ម នៅក្នុង​អំឡុង​ត្រីមាស​ចុងក្រោយ​ក្តី​។ របាយការណ៍​បន្តថា កំណើនសេដ្ឋកិច្ច​បាន​កើនឡើង​ខ្ពស់ជាង​ការព្យាករណ៍​ទុក ដោយសារ​លទ្ធផល​ស្តារឡើងវិញ​នៃ​វិស័យ​កសិកម្ម​  និង​ការកើនឡើង​យ៉ាងខ្លាំង​លើ​ការនាំចេញ​លើ​ការវិនិយោគទុន​ឯកជន និង​ការប្រើប្រាស់ ។​

​របាយការណ៍​ដដែល​បាន​បង្ហាញថា ហានិភ័យ​ពី​ផលប៉ះពាល់​នៃ​ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​នៅ​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប ដែលជា​គោលដៅ​ដ៏​ធំ​បំផុត​នៃ​ការនាំចេញ​សម្លៀកបំពាក់​សំខាន់​របស់​កម្ពុជា មិនទាន់​កើតឡើង​ទេ​រហូតមក​ដល់ពេលនេះ​។ ការនាំចេញ​ទំនិញ​នៅក្នុង​ឆ្នាំ​២០១១ បាន​កើនឡើង ៣៦ ភាគរយ ជាមួយនឹង​ការនាំចេញ​សម្លៀកបំពាក់​វាយ​ន​ភណ្ឌ​បាន​កើនឡើង​ដល់ ៣២ ភាគរយ និង​កើន​ឡើងដល់ ៤​ពាន់​លាន​ដុល្លារ​អាមេរិក​។ ការនាំចេញ​សម្លៀកបំពាក់ ទំនងជា​ទទួលបាន​អត្ថប្រយោជន៍​ពី​ការផ្លាស់ប្តូរ​ឧស្សាហកម្ម ការប្រើ​កម្លាំង​ពលកម្ម​ច្រើន​ពី​ប្រទេស​ចិន មក​ប្រទេស​ដែល​ចំណាយ​ប្រាក់ខែ​លើ​កម្មករ​ទាប​ជាង ដូចជា​ប្រទេស​កម្ពុជា​។

​បើតាម​របាយការណ៍​ដ​ដែល​បញ្ជាក់ថា ចំនួន​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បាន​កើនឡើង ១៨ ភាគរយ​នៅក្នុង​ឆ្នាំ​២០១១​។ ការនាំ​អង្ករ​ចេញ បាន​កើនឡើង​យ៉ាង​លឿន​ក្នុង​ឆ្នាំ​២០១១ ដែល​កំណើន​ប្រចាំ​ឆ្នាំនេះ​មាន​ចំនួន ២៥០ ភាគរយ និង​បាន​កើនឡើង​ដល់ ១៨០.០០០ តោន ក្នុង​ឆ្នាំ​កន្លងទៅ​។ ការអនុម័ត​លើ​វិស័យ​វិនិយោគទុន​ឯកជន រួមទាំង​វិនិយោគទុន​ក្នុងស្រុក​បាន​កើនឡើង​ត្រឹម ១៦០ ភាគរយ ក្នុង​ឆ្នាំ​២០១១ ហើយ​បាន​បន្ត​ទាក់ទាញ​វិនិយោគ​គិ​ន​ថ្មីៗ ដូចជា​វិនិយោគិន​ជប៉ុន​ជាដើម​។ ការអនុម័ត​លើ​វិនិយោគទុន​ផ្ទា​ល់ពី​បរទេស​សម្រាប់ វិនិយោគិន​ជប៉ុន គិត​ជា​អចលនទ្រព្យ ចំនួន​៦,៤ លាន​ដុល្លារ​អាមេរិក (​បី​គម្រោង​) បើ​ធៀប​នឹង​ឆ្នាំ​២០១០ គឺមាន​តម្លៃ​ស្មើ​សូន្យ​។ វិនិយោគ​គិ​ន​ចំនួន​៥ ដែល​នាំមុខគេ​នៅ​កម្ពុជា សំរាប់​ឆ្នាំ​២០១១​ មាន​ចក្រភព​អង់គ្លេស​ វៀតណាម​ ចិន ម៉ាឡេស៊ី​ និង​កូរ៉េ​៕ កោះ​កែវ​

 

 

    MEMBER LOGIN
     User Name
     Password
Remember me
Forgot password?
Login
If you dont have account, Please sign up now.
Sign Up
List all Jobs (0)
Free Ads

HomeAbout UsRegister As Our MemberAdvertise with UsInformationServicesSupportContact Us
© Copyrights 2011, I.G.ConsultantCo., Ltd. All rights reserved.
Designed & Hosted by  Serving Web Solution